អត្ថបទមុន៖ Swift: ការណែនាំពី Playground ដើម្បីឈានទៅបង្កើតកម្មវិធីសំរាប់ iPhone iPad ។ បន្ទាប់ពីលោកអ្នកបានស្វែងយល់អំពី Playground នៅក្នុង Xcode ហើយនោះ ថ្ងៃនេះ ខ្ញុំសូមលើកយកពីការប្រកាសតម្លៃនៅក្នុង Swift វិញម្តង។ របៀបប្រកាសតម្លៃនៅក្នុង Swift
ជាធម្មតា ភាសាកម្មវិធីកុំព្យូទ័រផ្សេងតែងតែមានរបៀបដាក់ឈ្មោះផ្សេងៗពីគ្នា។ នៅក្នងភាសា Swift ដើម្បីប្រកាសឈ្មោះអញ្ញត្តិ អ្នកត្រូវប្រើប្រាស់ពាក្យគន្លឹះ(keyword) let សម្រាប់ អញ្ញត្តិថេរ(constant) និង var សម្រាប់ អញ្ញត្តិអថេរ(variable) បន្ទាប់មកត្រូវដាក់ឈ្មោះអញ្ញត្តិដែលផ្តើមដោយអក្សរតូចសម្រាប់ពាក្យដំបូង និង អក្សរធំសម្រាប់ពាក្យបន្តបន្ទាប់ និង មានអត្ថន័យគ្រប់គ្រាន់។
លក្ខណៈខុសគ្នារវាងអញ្ញត្តិថេរ និង អថេរ
- អញ្ញត្តិថេរ អាចទទួលយកនូវតម្លៃដំបូង តែប៉ុណ្ណោះ។ នៅពេលដែលអ្នកកំណត់តម្លៃដំបូងរួចហើយ វានឹងមិនទទួលយកតម្លៃថ្មីទៀតទេ។ ផ្ទុយទៅវិញ វានឹងបង្ហាញនូវកំហុសឆ្គងនៅពេល ដែលអ្នកកែប្រែតម្លៃរបស់វា។ ដូចនេះ អ្នកត្រូវប្រាកដថា តម្លៃរបស់វានឹងមិនប្រែប្រួលជារៀងរហូតក្នុងមួយវដ្ដជីវិត(life cycle)របស់វា។
- អញ្ញត្តិអថេរ អនុញ្ញាតឲ្យអ្នក អាចកែប្រែតម្លៃបានជានិច្ច មិនថាស្ថិតក្នុងពេលវេលាណាក៏ដោយ។
ការសន្មតប្រភេទតម្លៃ (Type Inference)
នៅពេលដែលអ្នកប្រកាសតម្លៃ ដោយពុំបានបញ្ជាក់ពី ប្រភេទរបស់វានោះទេ Swift Compiler នឹងសន្មតនូវប្រភេទតម្លៃដោយស្វ័យប្រវត្តិ ដោយពឹងផ្អែកទៅលើតម្លៃ ដែលអ្នកផ្តល់ឲ្យទៅកាន់អញ្ញត្តិនោះ។ Xcode អាចប្រាប់អ្នកអំពីប្រភេទតម្លៃរបស់អញ្ញត្តិ ដែល Swift Compiler បានសន្មត ដោយគ្រាន់តែសង្កត់លើ Option key និង ចុចលើ អញ្ញត្តិនោះជាការស្រេច។ តាមរយៈឧទាហរណ៏ខាងក្រោមនេះ យើងឃើញថា អញ្ញត្តិ numberOfArticles ដែលមានតម្លៃស្មើរនឹង 18 មានប្រភេទជា Int ដែលជាការសន្មតរបស់ Swift Compiler។
ដើម្បីជៀសវាងនូវការសន្មតប្រភេទតម្លៃដែលខុសពីការចង់បានរបស់អ្នក របស់ Swift Comiler អ្នកក៏អាចប្រកាសឈ្មោះអញ្ញត្តិដោយភ្ជាប់ជាមួយនៅប្រភេទរបស់វា ដោយខ្លួនឯង ដោយគ្រាន់តែ បន្ថែមនូវសញ្ញា : ជាមួយនឹងប្រភេទតម្លៃ បន្ទាប់ពីឈ្មោះអញ្ញតិនោះជាការស្រេច។