ម៉ូដែលរកចំណូលតាមរយៈប្រព័ន្ធអុីនធឺណិត

បច្ចុប្បន្នប្រព័ន្ធអុីនធឺណិតបានក្លាយជាមធ្យោបាយមួយថ្មីដែលជំរុញអោយមានឱកាសច្រើនផ្នែកធុរកិច្ច។ គំនិតធុរកិច្ច  គំនិតបង្កើតថ្មី គំនិតច្នៃប្រឌិត ផ្សេងៗបាននិងកំពុងលេចចេញជារូបរាងនៅលើប្រព័ន្ធអុីនធឺណិត។ ទន្ទឹមនឹងមានគំនិតផ្សេងៗ ក៏មានសំណួរតែងតែចោទសួរថា តើមានវិធីណាខ្លះដើម្បីរកចំណូលតាមរយៈ ប្រព័ន្ធអុីនធឺណិតជាមួយនឹងគំនិតថ្មីៗទាំងនោះ។  អត្ថបទនេះនឹងបង្ហាញពីម៉ូដែលរកចំណូលមួយចំនួនដែលគេនិយមយកប្រើនៅលើប្រព័ន្ធអុីនធឺណិត។

 

១ ម៉ូដែលរកចំណូលតាមរយៈការផ្សាយពាណិជ្ជកម្ម

ម៉ូដែលនេះគឺរកចំណូលតាមរយៈការដាក់ផ្យាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនៗផ្សេងៗ ដូចនឹងទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្តីដែរដែលរកចំណូលតាមរយៈការដាក់ផ្យាយពាណិជ្ជកម្ម។ តាមរយៈប្រព័ន្ធអុីនធឺណិត អ្នកអាចបង្កើតវេបសាយមួយហើយអាចរកចំណូលតាមរយៈដាក់ផ្សាយពាណិជ្ជកម្មនៅលើវេបសាយនោះ។ តែរកចំណូលតាមរយៈម៉ូដែលនេះ អ្នកត្រូវយល់ថា អ្នកត្រូវធ្វើវេបសាយរបស់អ្នកអោយគេស្គាល់ច្រើនជាមុនសិន ហើយដើម្បីទទួលបានការពេញនិយម ធម្មតាត្រូវការពេលវេលាយូរ ហើយកំឡុងពេលនោះអ្នកមិនទាន់អាច រកចំណូលបាន។

 

២ ម៉ូដែលរកចំណូលតាមរយៈការលក់ផលិតផលឬសេវាកម្ម

ម៉ូដែលនេះគឺដូចនឹងការលក់ផលិតផលតាមហាងដែរ ដែលចំណូលបានតាមរយៈការលក់ផលិតផលឬសេវាកម្មដោយផ្ទាល់។ ដើម្បីរកចំណូលតាមរយៈម៉ូដែលនេះ អ្នកត្រូវបង្កើតវេបសាយដែលអាចលក់ទំនិញអនឡាញ (e-commerce)បាន ។

 

៣ ម៉ូដែលរកចំណូលតាមរយៈការជាវ (Subscription)

គឺជាម៉ូដែលអាចរកចំណូលតាមរយៈអោយអតិថិជនឬអ្នកប្រើ បង់ថ្លៃ(ជាប្រចាំខែឬឆ្នាំឬវិធីផ្សេងទៀត) សំរាប់ចូលមើល ឬប្រើ ផលិតផលឬសេវាកម្មណាមួយ។ ជាជាងអោយអតិថិជនទិញផលិតផលឬសេវាកម្មផ្សេងៗគ្នាដូចម៉ូដែល ទី២ខាងលើ ម៉ូដែលនេះតំរូវអោយអតិថិជនបង់ថ្លៃសំរាប់រយៈពេលណាមួយ ហើយអាចប្រើប្រាស់ផលិតផលឬ សេវាកម្មបានច្រើន។ ឧទាហរណ៍ កាសែតThe Cambodia Daily Smart Music ជាដើម។

 

៤ ម៉ូដែលរកចំណូលតាមរយៈការបញ្ជប់កិច្ចការណាមួយ (Transaction)

គឺជារបៀបរកចំណូលតាមរយៈការតំរូវអោយអតិថិជនឬអ្នកប្រើ បង់ថ្លៃសេវាកម្ម បន្ទាប់ពីអតិថិជនឬអ្នកប្រើបានបញ្ជប់ កិច្ចការអ្វីមួយ។ ឧទាហរណ៍ វេបសាយផ្តល់សេវាកម្មដៃថ្លៃ eBay ក្រុមហ៊ុននេះទទួលចំណូលបន្ទាប់ពី អ្នកប្រើបញ្ចប់ការ ដេញថ្លៃជាមួយគ្នា។

 

 ៥ ម៉ូដែលរកចំណូលតាមរយៈកម្រៃជើងសារ (Affiliation)

គឺជាម៉ូដែលអាចរកចំណូលតាមរយៈការណែនាំផលិតផលឬសេវាកម្មរបស់ក្រុមហ៊ុនផ្សេងៗ ហើយប្រសិនបើ ផលិតផលឬសេវាកម្មដែលអ្នកណែនាំនោះត្រូវបានគេទិញឬជាវឬតាមសកម្មភាពណាមួយដែលកំណត់ដោយអ្នកផ្សាយពាណិជ្ជកម្ម នោះអ្នកបានចំណូលតាមរយៈកម្រៃជើងសារ។  វិធីនៃការទទួលតាមកម្រៃជើងសារមានច្រើន ប្រភេទដូចជា៖ Pay per Click, Pay per Sale, Pay per Impression, Pay per Download, Pay per Subscription, Pay per View ជាដើម។ ឧទាហរណ៍  Google Adsense