អ្វីគឺជា Blockchain ?

អ្នកដែលស្គាល់ Bitcoin ច្បាស់ជាធ្លាប់បានឮពាក្យថា Blockchain (អានថា ប្លុកឆេន) ជាញឹកញាប់ ពីព្រោះដោយសារតែ Bitcoin និង Blockchain គឺមានទំនាក់ទំនងគ្នា។ អត្ថបទនេះខ្ញុំនឹងពន្យល់ពីអ្វីទៅដែលហៅថា​ Blockchain។

Blockchain គឺជាប្រព័ន្ធទិន្នន័យ (Database) មួយប្រភេទដែលមានតួនាទីបែបវិមជ្ឈការ (Decentralized)។ ប្រព័ន្ធ Blockchain  អាចអាចរក្សាទិន្នន័យបានសុវត្ថិភាពបានខ្ពស់​ ព្រោះទិន្នន័យដដែលដូចគ្នាត្រូវបានគេរក្សាទុកនៅច្រើនកន្លែង។ 

ជាធម្មតាប្រព័ន្ធទិន្នន័យ (Database) ដែលគេនិយមប្រើកន្លងមក ត្រូវមានម៉ាស៊ីន Server កណ្តាលមួយដើម្បីផ្ទុកទិន្នន័យទាំងឡាយតាមប្រព័ន្ធបែបមជ្ឈការ (Centralized) ។ ប្រព័ន្ធ Blockchain គឺ ត្រូវមានម៉ាស៊ីនដូចនេះដូចគ្នានៅច្រើនកន្លែងហើយមានទំនាក់ទំនងជាមួយគ្នា។

ឧទាហរណ៍ ធុរកម្មលើវិស័យហិរញ្ញវត្ថុ នៅពេលដែលមានការផ្ញើ ឬដកលុយយើងត្រូវការធនាគារដើម្បីដើរតួនាទីជាអ្នកកណ្តាលដើម្បីទទួលខុសត្រូវ កត់ត្រា និងទុកលុយទាំងនោះ។ បើនិយាយទៅលើការទិញលក់ដី ឬទ្រព្យសម្បត្តិអ្វីមួយ ក៏ត្រូវមានសាក្សី ឬអាជ្ញាធរដែលត្រូវដើរតួជាអ្នកដឹងឮលើរឿងទាំងអស់នោះ ដើម្បីធានា និងផ្តល់ភាពជឿជាក់រវាងគ្នានឹងគ្នា។

បច្ចេកវិទ្យា Blockchain បានដោះស្រាយបញ្ហាទាំងនោះ ដោយ Blockchain បានដើរតួជំនួសតួអង្គកណ្តាល ហើយអាចផ្តល់ភាពជឿជាក់ដល់ដៃគូរទុរកិច្ច​ (trustless)។ នេះមានន័យថា Blockchain នឹងជំនួសការងារធនាគារមួយផ្នែកធំ។

 

Blockchain មិនមែនជា Bitcoin ទេ

មនុស្សជាច្រើនយល់ច្រលំ Blockchain ជាមួយនឹង Bitcoin តែតាមពិតវាគឺខុសគ្នា។ ដោយ Bitcoin គឺជាលុយឌីជីថល (Cryptocurrency) ដែលត្រូវបានបង្កើតឡើងដោយសារបច្ចេកវិទ្យា Blockchain។

វាដូចជារូបខាងលើយើងអាចប្រៀបធៀបបានរវាងព្រីភ្លើង និងអំពូលភ្លើង ដោយព្រីភ្លើងប្រៀបបាននឹង Blockchain ហើយអំពូលភ្លើងប្រៀបបាននឹង Bitcoin។ យើងឃើញថាគឺខុសគ្នាដាច់ តែ Bitcoin ត្រូវការ Blockchain ហាក់ដូចជាអំពូលភ្លើងគឺត្រូវការព្រីភ្លើងដើម្បីធ្វើឲ្យវាភ្លឺ ហើយយើងក៏អាចបង្កើតអ្វីបានទៀតដែលមិនមែនជា Bitcoin ដោយប្រើបច្ចេកវិទ្យា Blockchain បានដែរ។

ដោយ Blockchain = Block + Chain ដូច្នេះក្នុងការកត់ត្រាទិន្នន័យនៅលើ Blockchain គឺមានលក្ខណៈជាប្លុកហើយត្រូវបានតគ្នាជាសង្វាក់ ហើយគ្រប់ប្លុកមានឈុតទិន្នន័យដែលទាក់ទងគ្នារវាងប្លុកនីមួយៗ។

រាល់ទិន្នន័យដែលកត់ត្រានៅក្នុងប្លុកនីមួយៗត្រូវបានការពារសុវត្ថិភាពដោយបច្ចេកវិទ្យា Cryptography ដោយទិន្នន័យទាំងអស់ត្រូវបានបំលែងទៅជាកូដដែលមនុស្ស មិនអាចអានបានថាវាជាទិន្នន័យប្រភេទអ្វី។

គុណសម្បត្តិរបស់ Blockchain ដែលខុសពីប្រព័ន្ធបែបមជ្ឈការមានដូចខាងក្រោម៖

  1. រាល់ព័ត៌មានទាំងអស់ជាព័ត៌មានសាធារណៈ ដោយ Server ឬ Node ផ្សេងៗ មានតួនាទីផ្ទុក និងមើលថែព័ត៌មានដែលយើងហៅថា Block ហើយគ្រប់ Node ទាំងអស់អាចមើលដឹងថាព័ត៌មានទាំងអស់ត្រូវបានកត់ត្រានៅក្នុង Block ណាមួយ។
  2. មិនមាន Server កណ្តាលក្នុងការត្រួតពិនិត្យទិន្ន័យ គឺគ្រប់ Node ទាំងអស់មានតួនាទីដូចគ្នាក្នុងការត្រួតពិនិត្យ។
  3. គ្រប់ព័ត៌មានទាំងអស់នៅក្នុង Block មិនអាចលុប ឬកែប្រែបាននោះទេ ។
  4. មានសុវត្ថិភាពខ្ពស់ព្រោះដោយសារគ្រប់ Node ទាំងអស់មានតួនាទីពិនិត្យរាល់សកម្មភាពនៅក្នុងប្រព័ន្ធ។
  5. ធ្វើការដោយស្វ័យប្រវត្តិ ដោយ Software ត្រូវបានសរសេរឡើងដើម្បីការពារមិនឲ្យមានការកត់ត្រាព័ត៌មានជាន់គ្នា ព្រមទាំងរាល់ការបញ្ជួនព័ត៌មានរវាង Node នីមួយៗត្រូវបានធ្វើការដោយស្វ័យប្រវត្តិ។

Blockchain មិនមែនប្រើប្រាស់តែទៅលើវិស័យហិរញ្ញវត្ថុប៉ុណ្ណោះទេ វាត្រូវបានប្រើប្រាស់លើផ្នែកផ្សេងៗទៀតជាច្រើនដូចជា៖

  • ការកត់ត្រាទិន្នន័យការបោះឆ្នោត
  • ការជួល Cloud Storage រវាងគ្នានឹងគ្នា
  • ប្រព័ន្ធ Peer-to-Peer Lending
  • ។ល។

ទោះបីជាយ៉ាងណាបច្ចេកវិទ្យា Blockchain កំពុងផ្លាស់ប្តូរពិភពលោក ហើយប្រទេសជាច្រើនកំពុងសិក្សា និងយកបច្ចេកវិទ្យានេះទៅប្រើប្រាស់ក្នុងវិស័យផ្សេងៗរៀងៗខ្លួន។