ស្វែងយល់ពីប្រភេទទិន្នន័យជា Date/Time ក្នុង MySQL

ក្នុងអត្ថបទមុន TechFree បានបង្ហាញពីប្រភេទទិន្នន័យជា Numeric ក្នុង MySQL ។ ក្នុងអត្ថបទនេះដែរ TechFree នឹងបង្ហាញ ពីប្រភេទទិន្នន័យថ្មីមួយទៀត គឺ Date/Time ។ ប្រភេទទិន្នន័យ Date/Time តំណាងឲ្យតំលៃបណ្តោះអាសន្ននៃ DATE, TIME, DATETIME, TIMESTAMP និង YEAR ដែលតំលៃទាំងនោះ ត្រូវតែស្ថិតនៅចន្លោះនៃតំលៃមានសុពលភាព ។ តំលៃសូន្យ (០) ត្រូវបានតំណាងឲ្យតំលៃមិនមានសុពលភាព (Invalid Value) នៅក្នុង MySQL ។

នៅក្នុង MySQL ប្រភេទទិន្នន័យជា Date/Time ទទួលយកទំរង់ Format ជាស្តង់ដានៃការបង្ហាញចេញមកក្រៅ ដោយផ្តោត ទៅលើការបញ្ចូលតំលៃ ។ យ៉ាងណាមិញ តំលៃ Date/Time នឹងត្រូវបានគេបកប្រែជា តំលៃមួយសមស្របតាមការកំណត់ (Format) ក្នុង MySQL ។

MySQL បានកំណត់ ២ digits នៃតំលៃរបស់ឆ្នាំ (year) ស្របទៅតាមការកំណត់ដូចខាងក្រោម៖

  • នៅចន្លោះ ៧០ ទៅ ៩៩ នឹងត្រូវកំណត់ជាឆ្នាំ ក្នុងចន្លោះ ១៩៧០ ដល់ ១៩៩៩
  • នៅចន្លោះ ០០ ទៅ ៦៩ នឹងត្រូវកំណត់ជាឆ្នាំ ក្នុងចន្លោះ ២០០០ ដល់ ២០៦៩

ប្រភេទទិន្នន័យ Date/Time  មានដូចខាងក្រោម៖

  • DATE : ទំរង់ Format ជា YYYY-MM-DD ស្ថិតនៅចន្លោះ ១០០០-០១-០១ ទៅ ៩៩៩៩-១២-៣១ ។ ជាឧទាហរណ៍ ថ្ងៃទី ០១ ខែមេសា ឆ្នាំ ១៩៨៩ នឹងត្រូវបំលែងទៅជា ១៩៨៩-០៤-០១ ។ តំលៃសូន្យ (០) ត្រូវបានកំណត់ជា ‘០០០០-០០-០០‘ ។
  • TIME : ទំរង់ Format ជា HH:MM:SS ។ ជាឧទាហរណ៍ ម៉ោង ៦ និង ៥០នាទី ត្រូវកំណត់ជា ០៦:៥០:០០ ។ តំលៃសូន្យ (០) ត្រូវបានកំណត់ជា ‘០០:០០:០០‘ ។
  • DATETIME : ទំរង់ Format ជា YYYY-MM-DD HH:SS:MM ស្ថិតនៅចន្លោះ ១០០០-០១-០១  ០០:០០:០០ ទៅ ៩៩៩៩-១២-៣១ ២៣:៥៩:៥៩ ។ ជាឧទាហរណ៍ ថ្ងៃទី ០១ ខែមេសា ឆ្នាំ ១៩៨៩ ម៉ោង ៦ និង ៥០នាទី ត្រូវកំណត់ជា ១៩៨៩-០៤-០១ ០៦:៥០:០០ ។ តំលៃសូន្យ (០) ត្រូវកំណត់ជា ‘០០០០-០០-០០ ០០:០០:០០’ ។
  • TIMESTAMP : ទំរង់ Format ដូចទៅនឹង DATETIME ដែរ គ្រាន់តែវាស្ថិតនៅចន្លោះ ១៩៧០-០១-០១ ០០:០០:០១ UTC  ទៅ ២០៣៨-០១-១៩ ០៣:១៤:០៧ UTC មានន័យថា MySQL នឹងបំលែងតំលៃ TIMESTAMP ពី Time Zone  ទៅ UTC និងពី UTC មក Time Zone វិញ ។
  • YEAR (M): កំណត់យក ២ ឬ ៤ digits នៃឆ្នាំ ។ បើ ២ digits ឆ្នាំអាចស្ថិតនៅចន្លោះ ១៩៧០ ដល់ ២០៦៩ ហើយបើ ៤ digits ឆ្នាំអាចស្ថិតនៅចន្លោះ ១៩០១ ដល់ ២១៥៥